ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាប្រែក្លាយកំពង់ធំ ជាសួនឧស្សាហកម្មស្វាយចន្ទីចំណុចកណ្តាលរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានបញ្ជាក់ថា ខេត្តកំពង់ធំនឹងក្លាយជា សួនឧស្សាហកម្មស្វាយចន្ទីដំធំចំណុចកណ្តាលរបស់កម្ពុជា ដែលអាចឱ្យកម្ពុជាឈានទៅប្រែក្លាយជាប្រទេសអធិរាជស្វាយចន្ទីនាពេលខាងមុខ ។នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ខេត្តកំពង់ធំនឹងក្លាយជា សួនឧស្សាហកម្មស្វាយចន្ទី ខណៈសម្តេចថា ការបង្កើតសួនឧស្សាហកម្មបែបនេះ គឺដើម្បីប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំគ្រប់ប្រភេទ ដោយមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីរដ្ឋ។ជាងនេះ សម្តេចថា សួនឧស្សាហកម្មស្វាយចន្ទីនេះ នឹងក្លាយចំណុចកណ្តាលរបស់កម្ពុជា ដែលអាចឱ្យផលិតផលស្វាយចន្ទី មកពីខេត្តព្រះវិហា កំពង់ចាម និងសៀមរាប ព្រមទាំងខេត្តផ្សេង អាចនាំមកកែច្នៃនៅទីនេះបាន។

សម្តេចបានបន្ថែមថា ដើម្បីឱ្យសួនឧស្សាហកម្មខេត្តកំពង់ធំអាចសម្រេចទៅបាន រាជរដ្ឋាភិបាលសម្ដេចផ្ទាល់ បានដាក់ចេញយុទ្ធសាស្រ្ដរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគផ្ទាល់នៅខេត្តនេះផងដែរ។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានណែនាំអាជ្ញាធរខេត្តកំពង់ធំឱ្យជួលដីក្នុងតម្លៃថោក ឬផ្តល់ដីហ្រ្វីឱ្យអ្នកវិនិយោគ ដើម្បីជំរុញផលិតកម្ម ដើម្បីឈានទៅសម្រេចចក្ខុវិស័យបង្កើតតំបន់ទីផ្សារឧស្សាហកម្មស្វាយចន្ទីនៅនឹងកន្លែង។

យោងតាមឯកសារស្ដីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាឆ្នាំ ២០២៤» កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។តាមតួលេខនេះ កម្ពុជាឈរក្នុងចំណោមប្រទេសចំនួន៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ 

នៅឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់វៀតណាមចំនួន ៧៩៣ ៤៥៣តោន ដែលគិតជាទឹកប្រាក់ ១១ ៥០លានដុល្លារ។ នេះបើតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា៕អត្ថបទ៖ ហ្សាលីន