កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា-សហរដ្ឋអាម៉េរិក បានប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ក្រោមអធិបតីភាពលោកស្រី Bridgette Walker ភារធារីស្ថានទូតអាម៉េរិក និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសពីស្ថាប័នរដ្ឋ អង្គទូតបរទេសប្រចាំកម្ពុជា និងស្ថាប័នឯកជនផងដែរ នៅសណ្ឋាគារសូហ្វីតែល។

ជាមួយនឹងការប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ក្រសួងទេសចរណ៍កម្ពុជាក៏បានបង្ហាញការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រីភារធារី កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ព្រមទាំងព្រឹត្តការណ៍នានារបស់កម្ពុជាដល់ប្រជាពលរដ្ឋអាមេរិក ដើម្បីអញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
សូមជម្រាបដែរថា ក្នុងឆ្នាំ២០២៤ កន្លងទៅ ភ្ញៀវទេសចរអាម៉េរិកមកកម្ពុជាមានចំនួនប្រមាណ២១៥.០០០នាក់។ ភ្ញៀវទេសចរដែលចូលមកកម្ពុជាច្រើនជាងគេមានដូចជា ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាម៉េរិក សាធារណរដ្ឋកូរ៉េ ឥណ្ឌូវនេស៊ី បារាំង អង់គ្លេស ជប៉ុន ជាដើម៕

