គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្នុងឆមាសទី១ ឆ្នាំ២០២៥។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៦ខែ ឆ្នាំ២០២៥នេះ ប្រភពទុនវិនិយោគចិននៅតែឈានមុខគេ ៥៦,២៣% ខណៈកម្ពុជាស្ថិតនៅលេខរៀងទី២ ក្នុងទុន ២៩,៧៦% សិង្ហបុរី ៧,៧២% វៀតណាម ៣,១% កោះ British Virgin ១,៤% អង់គ្លេស ០,៥៦% កោះ Cayman ០,៥១% សហរដ្ឋអាម៉េរិក ០,៣៧% កោះ Samoa ០,៣៤% កូរ៉េ ០,១៥%។
ចំណែកឯទុនវិនិយោគវិញ នៅក្នុងវិស័យឧស្សាហកម្មមានច្រើនជាងគេរហូតដល់ ៤,២ប៊ីលានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ប៊ីលានដុល្លារ កសិកម្ម និងកសិឧស្សាហកម្ម ១៣០លានដុល្លារ និងវិស័យទេសចរណ៍ ២០លានដុល្លារ៕



