គិតមកដល់ពេលនេះ ស្ពានអាកាសទី១ នៃគម្រោងសាងសង់ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផល ១០០% ហើយ ខណៈស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ ២០២៥។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍សម្រេចឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជា បណ្តោះអាសន្ននូវស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ស្ពានអាកាសទី១ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។
និងស្ពានអាកាសទី២ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមក មហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ និងបើកបណ្តោះអាសន្នចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តទៅ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការបើកបណ្ដោះអាសន្ននូវស្ពាននេះគឺដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមា។
សូមបញ្ជាក់ថា ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ស្ពានអាកាសនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។ ស្ពានអាកាសនេះជាស្ពានទី៩ ក្នុងចំណោមស្ពានអាកាសទាំង៩នៅរាជធានីភ្នំពេញ ដែលបានបើកការដា្ឋនសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក៕ SN


