សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា សម្ដេចបានបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងនោះមានច្បាប់ កាតព្វកិច្ចយោធានឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ២០២៦ខាងមុខនេះ។

នេះបើយោងតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ក្នុងពេលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា សម្ដេចបានបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងនោះមានច្បាប់ កាតព្វកិច្ចយោធាឆ្នាំ ២០០៦ ដែលត្រូវធ្វើរួចរាល់ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខ។ដោយសម្តេចថា នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំនួន ជាពិសេស រយៈពេលនៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅ កំណត់ត្រឹម ១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់ ២ឆ្នាំជាដើម។
សម្តេចបន្ថែមថា ការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញ ពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រប់គ្រាន់។ទីពីរ ការធ្វើវិសោធនកម្មច្បាប់សោធន របស់យោធា។ហេតុនេះ សម្តេចធិបតី បញ្ជាក់ថា តាមរយៈការធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ច និងច្បាប់សោធន របស់យោធានឹងធ្វើឱ្យចំនួនកងទ័ពកម្ពុជាកើនឡើងកាន់តែច្រើន និងកាត់បន្ថយការចំណាយនៅលើវិស័យកងទ័ពនៅកម្ពុជាផងដែរ។
ជារួម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមថា ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនឡើងវិញ ដើម្បីពង្រឹងវិស័យការពារជាតិ ខណៈការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដីកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖ ហ្សាលីន

