ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជាផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន គិតជាទឹកប្រាក់ប្រមាណ១,២៥៥លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជា ត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅក្នុងដំណើរចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

នាដំណើរចុះពិនិត្យនោះ លោក កៅ ថាច បានអំពាវនាវដល់ពាណិជ្ជករនិងឈ្មួញ ឱ្យបន្តប្រមូលទិញដំឡូមីពីបងប្អូនកសិករបន្ថែមទៀត ខណៈធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកឥណទាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាកសិករនឹងលើកកម្ពស់សេដ្ឋកិច្ចជនបទ។

ទន្ទឹមនោះ លោកក៏បានស្នើឲ្យអ្នកដែលធ្វើពាណិជ្ជកម្មដំឡូងមី ត្រូវប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់។

លោកក៏បានគូសបញ្ជាក់ថា «ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជា ត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤, ចំណែកឯពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១ លានតោន ផ្តល់ផលសេដ្ឋកិច្ចប្រមាណជាង ២០០ លានដុល្លារ»។

សូមបញ្ជាក់ថា មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត (reprocessing) ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម។កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក។

យ៉ាងណាមិញ បើយោងទៅតាមក្រសួងកសិកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីស្រស់សម្រេចបាន ១,០៨ លានតោន មានការធ្លាក់ចុះជាង ១៦%, ចំណិតដំឡូងមី កើន ៣៣,៧០% និងម្សៅដំឡូងមី កើនឡើង ១,៦៧%៕SN