ទំនិញដែលមានប្រភពដើមពីថៃទាំងនេះត្រូវបានហាមឃាត់នាំចូលមកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី១៦ កក្កដានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបម្រាមហាមឃាត់នាំចូលទំនិញ២ រួមមាន ទី១. បន្លែ និងផ្លែឈើ  និងទី២. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ពីថៃមកកាន់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអំពាវនាវដល់អាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនថា  មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចជា៖ ក. បន្លែ និងផ្លែឈើ ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ ដោយមុខទំនិញ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ រួមមានដូចជា ៖ ១. ប្រេងសាំង (Gasoline) ២. ប្រេងម៉ាស៊ូត (Diesel) ៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG) ៤. ប្រេងខ្មៅ (Fuel oil) និង ៥. ប្រេងសាំងយន្តហោះ (Jet-A1)។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ២ ខាងលើ គយបានបញ្ជាក់ថា មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ មានន័យថា អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតា ប៉ុន្តែត្រូវបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។

ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា គយបានគូសបញ្ជាក់ថា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះបន្ថែមផងដែរ៕