មានជនខិលខូច បានក្លែងបន្លំធ្វើជាគណនី Telegram របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងបានភ្ជាប់ជាមួយ website ឆបោកមួយ ឱ្យបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ ថាសូមឱ្យជនខិលខូចមេត្តាបញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់។ជាមួយគ្នានេះ CDC ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋជ្រាប់ និងប្រុងប្រយ័ត្នផងដែរថា មានជនខិលខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា លោក ស៊ុន ចាន់ថុល ដោយបានដាក់ឈ្មោះ CEO CHANTHOL SUN (មាន Username: @ceo_Chantholsun និងបានភ្ជាប់ជាមួយ website ឆបោកមួយ Ocic-investment.com (http://Ocic-investment.com/) ឱ្យបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។
សូមជម្រាប់ដែរថា មិនមែនតែលោក ស៊ុន ចាន់ថុល នោះឡើយ កាលពីពេលថ្មីនេះ ក៏មានជនខិលខូច ធ្លាប់លួចក្លែងបន្លំធ្វើជាគណនី Telegram របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com ឱ្យបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញផងដែរ៕ អត្ថបទ៖ ហ្សាលីន


