ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងណែនាំការងាររៀបចំផែនទីប្រើប្រាស់ដីឃុំ ក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងណែនាំការងារលើការរៀបចំផែនទីប្រើប្រាស់ដីឃុំក្នុងតំបន់បឹងទន្លេសាប និងសៀមរាប-អង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានជំនាញ មន្ត្រីថ្នាក់ជាតិ និងមន្ត្រីជំនាញមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ព្រមទាំងក្រុមការងារ សសយក.វិស័យរៀបចំដែនដី មួយចំនួនទៀតផងដែរ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ដើម្បីឈានទៅកសាងការឯកភាពគ្នាក្នុងការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ យើងត្រូវផ្តើមចេញពីការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីដែលបានចុះបញ្ជីហើយ។ នេះគឺជាជំហានទៅមុខ ហើយក៍ជាជំហានយុទ្ធសាស្ត្រក្នុងការដោះស្រាយភាពមិនចុះសម្រុងគ្នាកន្លងមករបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំរដ្ឋលេខាធិការ និងមន្ត្រីថ្នាក់ជាតិ រួមទាំង សសយក.វិស័យរៀបចំដែនដី និងយុវជន សសយក.រាជធានីភ្នំពេញ រួមគ្នាបែងចែកកម្លាំងជាក្រុម ដើម្បីចុះបំពេញភារកិច្ចនៅខេត្តសៀមរាប និងខេត្តជុំវិញបឹងទន្លេសាប ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចុះប្រមូលទិន្នន័យសង្គមសេដ្ឋកិច្ច ពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដោយផ្ទាល់ សិក្សាស្ថានភាពភូមិសាស្ត្រ និងពិនិត្យការប្រើប្រាស់ដីជាក់ស្តែង ដើម្បីរៀបចំផែនការប្រើប្រាស់ដី ឱ្យបានចំគោលដៅ មានប្រសិទ្ធភាព និងមានចីរភាព៕