កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថាCCIED សហការជាមួយដៃគូអភិវឌ្ឍន៍ សំខាន់ៗ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃសម្រាប់យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការ UNDP កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញថាក្របខ័ណ្ឌខាងលើនេះ បានជួយបង្កើតប្រព័ន្ធជាតិមួយដ៏រឹងមាំដើម្បីសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ វាជួយពង្រឹងតម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្នែកគោលនយោបាយដោយផ្អែកលើភស្តុតាង ដើម្បីគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចូលរួមពីកម្លាំង ពលកម្មរបស់កម្ពុជាប្រមាណ ៨៨ភាគរយ។

យុទ្ធសាស្ត្រនេះ មានគោលបំណងជំរុញនិរន្តរភាព និងភាពធន់នៃអាជីវកម្ម ក៏ដូចជាកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដោយអនុញ្ញាតឱ្យអ្នកធ្វើការងារក្រៅប្រព័ន្ធអាចទទួលបានការគាំពារសង្គម ការទទួលស្គាល់ផ្លូវច្បាប់ ការបណ្តុះបណ្តាលហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មទៅក្នុងទីផ្សារក្នុងប្រព័ន្ធ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រសាសន៍ថា “ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌ ពិនិត្យតាមដាន និងវាយតម្លៃនេះ ជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចទាន់ពេលវេលា និងបង្កើនគណនេយ្យភាពដល់អ្នកគ្រប់គ្នាដែលអនុ វត្តយុទ្ធសាស្ត្រជាតិ”។

ក្របខ័ណ្ឌនេះ ជាលទ្ធផលនៃដំណើរការពិគ្រោះយោបល់ប្រកបដោយបរិយាបន្នអស់រយៈពេលមួយឆ្នាំ ដែលបាន ប្រមូលមតិយោបល់ពីអ្នកចូលរួមជាង ២៥០នាក់ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ការពិគ្រោះយោបល់បច្ចេកទេស ជាមួយក្រសួងសំខាន់ៗចំនួន៩ និងការពិគ្រោះយោបល់ថ្នាក់តំបន់ចំនួន៥ ដែលក្នុងនោះមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធមកពីទូទាំងប្រទេសផងដែរ។

លោក ឧត្តម ដេរិក យឹប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “អូស្ត្រាលី មានសេចក្តីរីករាយក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្មវិធី ពិនិត្យតាមដាន និងវាយតម្លៃដ៏រឹងមាំ ដែលអាចពង្រឹងតម្លា ភាព ការសម្របសម្រួល និងការអនុវត្តគោលនយោបាយដោយផ្អែកលើភស្តុតាង។ ការងាររបស់យើងជាមួយ CCIED ស្របតាមផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាង អូស្ត្រាលី និងកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩ ដែលផែនការនេះ ផ្តល់អាទិភាពដល់ការទទួលបានសេវាសាធារណៈប្រកបដោយបរិយាបន្ន ព្រមទាំងស្ថាប័នសា ធារណៈដែលមានតម្លាភាព និងគណនេយ្យភាព។ នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ដើម្បី កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា”។

លោក Shakeel Ahmad អនុប្រធានតំណាង UNDP ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការងារក្រៅប្រព័ន្ធ ជា រឿយៗប្រឈមនឹងកង្វះខាតការគាំពារ និងអាចឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធទាំងនោះងាយប្រឈមនឹងភាពរង គ្រោះ វិស័យមួយនេះ ក៏មានសក្តានុពលក្នុងការក្លាយជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់កំណើន ប្រកបដោយបរិយាបន្នផងដែរ ប្រសិនបើវិស័យនេះ ត្រូវបានគាំទ្រដោយគោលនយោបាយ និងវិធីសាស្ត្រត្រឹមត្រូ វ។ NSIED ដែលត្រូវបានដាក់ឱ្យដំណើរការ កាលពីខែតុលា ឆ្នាំ២០២៣ ជាជំហានដ៏មានសារៈសំខាន់មួយក្នុង ទិសដៅនេះ។ ផ្នែកមួយ នៃកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ របស់យើង UNDP នៅតែបន្តប្តេជ្ញា ចិត្តគាំទ្រផែនការសកម្មភាព NSIED តាមរយៈប្រព័ន្ធ ពិនិត្យតាមដានដ៏រឹងមាំ ការបង្កើតយុទ្ធសាស្ត្រលើកទឹកចិត្ត ការបណ្តុះបណ្តាលដល់អ្នកអនុវត្តការងារ និងការពង្រឹងស្ថាប័ន”៕