រយៈពេល៦ខែឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា រហូតដល់ខែមិថុនា កម្ពុជាប្រមូលចំណូលបាន៣០៤លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ។

យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ឈើកៅស៊ូ និងផ្គត់ផ្គង់ជ័រកៅស៊ូ ដល់រោងចក្រផលិតសំបកកង់ឡានក្នុងស្រុក គិតជាទឹកប្រាក់ប្រមាណ ៣០៤លានដុល្លារ។ ការនាំចេញនេះ មានការកើនឡើង ៤១.៦១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
របាយការណ៍ខាងលើបានបញ្ជាក់ថា រយៈពេល៦ខែនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណ ១១២ ៥៩៥តោន បានចំណូល ២០៨ ៦៣៣ ៨២៦ដុល្លារ, នាំចេញឈើកៅស៊ូចំនួន ៩៩៤៣ ម៉ែត្រគូប បានចំណូល ២ ៣៥៥ ៤៣៨ដុល្លារ និងលក់ជ័រកៅស៊ូសម្រាប់រោងចក្រក្នុងស្រុក ៥៣ ៣៦១តោន បានចំណូល ៩៣ ៥៤១ ៨៣៣ដុល្លារ។

គួរឱ្យដឹងថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតនិងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ បានកំពុងស្រូបទាញកៅស៊ូនៅក្នុងស្រុក។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
កាលពីឆ្នាំ២០២៤ កន្លងទៅកម្ពុជាទទួលចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣៕


