ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ចាត់ទុកទង្វើឈ្លានពានរបស់ថៃ លើទីវត្ដអារាម ជាការបំពានដ៏ធ្ងន់ធ្ងរបំផុតផ្ទុយពីមាគ៌ាព្រះពុទ្ធសាសនា និងឱ្យកងទ័ពឈ្លានពានថៃ បញ្ឈប់ជា បន្ទាន់និងដោយគ្មានលក្ខខណ្ឌចំពោះការវាយប្រហារមកលើទីអារាមសាសនា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ បានចេញញត្ដិថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទាហានឈ្លានពានថៃ ដែលបានប្រើយន្តហោះ F-16 គ្រាប់បែកចង្កោម និងកាំភ្លើងធំ វាយប្រហារមកលើ ទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈញត្ដិនេះបានបង្ហាញថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពួកទាហានឈ្លានពានថៃ បានធ្វើការវាយប្រហារមកលើវត្តតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតព្រះវិហារ កុដិព្រះសង្ឃ និងទីសក្ការបូជា ព្រមទាំងធ្វើឱ្យបាត់បង់អាយុជីវិតលោកតាអាចារ្យមួយរូប ដែលជាអ្នកប្រណិប័តន៍ធម៌ និងថែទាំទីអារាម។

ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ចាត់ទុកទង្វើនេះ ជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ទង្វើអមនុស្សធម៌នេះ គឺជាការបំពានដ៏ធ្ងន់ធ្ងរបំផុតផ្ទុយពីមាគ៌ាព្រះពុទ្ធសាសនា ក្នុងឋានៈជាប្រទេសមួយដែលមានប្រជាពលរដ្ឋភាគច្រើនលើសលប់ប្រតិបត្តិព្រះពុទ្ធសាសនា។

ក្រសួងធម្មការនិងសាសនានិងគណៈសង្ឃនាយកទាំងពីរគណៈ ក៏បានអំពាវនាវឱ្យកងទ័ពឈ្លានពានថៃ បញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌចំពោះការវាយប្រហារមកលើទីអារាមសាសនា ព្រះពុទ្ធបដិមា  សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល៕