សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចបណ្តេញ លោកស្រី ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា ព្រមទាំងស្នើដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអភិបាលខេត្តកណ្តាល ឱ្យបញ្ចប់តំណែងមន្ត្រីរូបនេះ ចេញពីតួនាទីជាអភិបាលរងក្រុងអរិយក្សត្រ និងលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់ បន្ទាប់ពីបង្ហោះសារប៉ះពាល់ដល់កងទ័ពកម្ពុជា ដែលកំពុងការពារទឹកដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ សម្តេចបន្តថា ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។

«ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។ ខ្ញុំបានប្រាប់ទៅ ឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់»។ សម្តេចតេជោ បានបន្ថែម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច សម្តេចមានសិទ្ធិ នឹងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្ស សម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់។

សូមជម្រាបថា លោកស្រី ធី សុវណ្ណថា ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសសម្រេចតែងតាំងជា អភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយមន្ត្រី ៤រូបទៀត កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣៕