ក្រសួងការពារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហានេះបានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រសួងការពារជាតិគូសបញ្ជាក់ថា សមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន ៖១, អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន) ២, អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ៣, អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា ៤, អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ៥, ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ៦,ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា និង៧, ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា។
សូមជម្រាបជូនថា សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។ ការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕


