៦ ខែឆ្នាំនេះ៖ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៧ បានទទួលការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមឆមាសទី១ ឆ្នាំ​២០២៥ មានចំនួន ៥៧ តំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣២ តំបន់កំពុងដំណើរការ។ នេះបើយោងតាមពីធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់​វគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ លើកទី៣ សម្រាប់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកថា​ វគ្គបណ្តុះបណ្តាលស្តីពី វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ​បានផ្តោតលើវិធានដើមកំណើតទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី និងនីតិវិធីនៃការនាំចេញ ជាពិសេសនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមជ័យលាភីទាំងអស់ពិតជាទទួលបាននូវចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀមទៅបំពេញភារកិច្ចជាតំណាងពាណិជ្ជកម្មប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានតម្រូវការ។

សូមបញ្ជាក់ថា តាមរយៈពិធីបិទវគ្គបណ្តុះបណ្តាលនេះ នៅតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ​២០២៥ មានចំនួន ៥៧ តំបន់សេដ្ឋកិច្ចពិសេស និងកំពុងដំណើរការមានចំនួន ៣២ តំបន់ ក្នុងនោះ ២៧តំបន់ បានបង្កើតជារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងត្រូវការជាចាំបាច់នូវមន្រ្តីរាជការដើម្បីបម្រើការងារបន្ថែមទៀត​។

សូមជម្រាបដែរថា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការទាំង៣២នោះ រួមមាន ខេត្តស្វាយរៀងមានចំនួន១២, នៅរាជធានីភ្នំពេញនិងខេត្តកណ្តាលចំនួន៦ , នៅខេត្តព្រះសីហនុចំនួន៥, នៅប៉ោយប៉ែត៣, នៅខេត្តកោះកុងចំនួន២ ពោធិសាត់១ កំពត១ នៅផ្លូវជាតិ៦Aចំនួន១ និងនៅខេត្តក្រចេះចំនួន១ ។

ជាមួយគ្នានោះ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ ២០២៤ កន្លងទៅ៕អត្ថបទ៖ហ្សាលីន