លោក ដូណាល់ ត្រាំ ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ពិសេសការស្នើសុំពានរង្វាន់ ណូបែលសន្តិភាព

សង្គម​ និង​សេដ្ឋកិច្ច

លោក ដូណាល់ ត្រាំ (Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះលិខិតដ៏កក់ក្តៅរបស់សម្តេច និងជាពិសេស ការស្នើរូបលោក សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកប្រធានាធិបតី បានសរសេរថា “ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព។ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ”។

គួររំឭកថា កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតផ្លូវការទៅកាន់គណៈកម្មាធិការណូបែលន័រវែស ដើម្បីគាំទ្រ និងតែងតាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ ចំពោះនាយករដ្ឋមន្ត្រីកម្ពុជា យល់ឃើញថា លោក ដូណាល់ ត្រាំ បានរួមចំណែកយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ពិសេសការស្វែងរកសន្តិភាពតាមព្រំដែននៃប្រទេសទាំងពីរ៕