ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តជំរុញទៅកាន់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តជំរុញជប៉ុន សហការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន សំដៅឈានទៅលើកកម្ពស់សេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរ។

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាប្រមាណ ២០០រូប។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលមកបោះទុនវិនិយោគ ពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្តល់សេចក្តីទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា។លោកក៏ស្នើសុំឱ្យទូតជប៉ុន សហការរៀបចំបង្កើតកម្មវិធីនានា និងជំរុញផ្សព្វផ្សាយពីបរិយាកាសវិនិយោគ ការលើកទឹកចិត្ត និងសក្ដានុពលរបស់កម្ពុជាជូនវិនិយោគិនជប៉ុនឱ្យបានកាន់តែទូលំទូលាយ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងអំណរគុណរដ្ឋាភិបាលដែលតែងតែគាំទ្រ និងផ្ដល់ការសម្របសម្រួលរាល់សំណូមពរនានារបស់វិនិយោគិនជប៉ុន ពិសេសចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។
សូមជម្រាបដែរថា កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ រៀបចំឡើងក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។ ក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈម ព្រមទាំងសំណើសុំនានារបស់ផ្នែកឯកជន ត្រូវបានលើកយកមកពិភាក្សា និងស្នើសុំការពិនិត្យដោះស្រាយ ដើម្បីបន្តជំរុញកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។ ប្រធានបទដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣០នេះ មានវិសាលភាពគ្របដណ្តប់លើវិស័យពន្ធដារ គយ បរិស្ថាន ពាណិជ្ជកម្ម ភស្ដុភារកម្ម ថាមពល សន្តិសុខ និងការងារជាដើម៕អត្ថបទ៖ហ្សាលីន



