ក្រសួងពាណិជ្ជកម្ម ស្នើទូតអាហ្វ្រិកពិនិត្យលទ្ធភាពនាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារអាហ្វ្រិកខាងត្បូង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានជំរុញ និងស្នើទៅកាន់ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំកម្ពុជា ឱ្យពិនិត្យលទ្ធភាពនាំចូល និងទិញអង្ករកម្ពុជាទៅកាន់ទីផ្សារអាហ្វ្រិកខាងត្បូង ដើម្បីបំពេញតម្រូវការរបស់ខ្លួន សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក Darkey Ephriam Africa ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងនូវសំណើបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនការដោះដូរទំនិញសក្តានុពលទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសការនាំចេញទំនិញកសិកម្មសក្តានុពលរបស់ខ្លួនមកកម្ពុជា រួមមាន៖ ផ្លែប៉ោម ដូង សារី និងប៊្លូបឺរីជាដើម។

ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតយ៉ាងកក់ក្តៅ និងជម្រាបជូនអំពីភាពបំពេញបន្ថែមផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងយន្តការសំខាន់ៗមួយចំនួនដែលត្រូវអនុវត្ត សំដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។លោក ក៏បានស្វាគមន៍លើសំណើទាំងនេះ និងស្នើភាគីទាំងពីរគួរពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំជំនួបធុរកិច្ចរវាងវិស័យឯកជន និងពិព័រណ៍ពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងទំនិញអង្ករ ដែលជាតម្រូវការរបស់ភាគីអាហ្វ្រិកខាងត្បូង។

នៅក្នុងជំនួបនោះ ក្រសួងពាណិជ្ជកម្ម ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូង ឱ្យជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនិងធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីអាចទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់និងទ្វេភាគីរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ ហ្សាលីន