បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅគោលដៅទាំង ៥ទីតាំង គោលដៅវត្តបាត់ថ្កៅ, វត្តថ្មកំបោរ, វត្តភ្នំដី, តំបន់អូរអំពិល ស្រុកចុងកាល់ និងគោលដៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពេលនេះកើនឡើងជិត ៣ម៉ឺននាក់ ដែលជម្លៀសចេញពីតំបន់ក្តៅមករកទីសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងទទួលការរៀបចំផ្គត់ផ្គង់ម្ហូបអាហាររយៈពេល ៣ខែរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

នៅថ្ងៃសៅរ៍ ទី២៦ខែកក្កដានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកគោលដៅវត្តបាត់ថ្កៅ ដែលមាន ២០៧៩គ្រួសារ ក្នុងបេសកម្ម ៥ទីតាំងជិត ៣ម៉ឺននាក់ដែលជម្លៀសពីកន្លែងកំពុងមានជម្លោះដែលទាហានថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ ស្របពេល ៤ទីតាំងទៀត ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានរៀបចំផ្គត់ផ្គង់ម្ហូបអាហារតាមគោលដៅរៀងៗខ្លួនផងដែរ។

បងប្អូនប្រជាពលរដ្ឋជនភៀសសឹក បានសម្តែងនូវក្តីរីករាយដែលទទួលបានការយកចិត្តទុកខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដាំបាយ និងចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ដើម្បីបង្ហាញពីការសាមគ្គីភាពគ្នាជាធ្លុងមួយ ក្នុងមហាគ្រួសារខ្មែរ។
សូមជម្រាបជូនថា បេសកកម្មក្នុងស្មារតីជាតិនិយមនាគ្រានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដាក់ចេញបេសកកម្មឲ្យក្រុមការងារយុវជនរៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងចំនួន ៥ទីតាំងមានប្រជាពលរដ្ឋជិត ៣ម៉ឺននាក់ ក្នុងស្មារតីឆន្ទៈតែមួយខ្មែរតែមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ដែលជម្លៀសតំបន់ក្តៅ៕






















