ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្ដល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម សម្រាប់ធានាលើកម្ចី។

តាមរយៈសេចក្ដីថ្លែងការណ៍រួមនេះ បានឱ្យដឹងថា កន្លងមក ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សង្កេតឃើញថា មាននីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ដែលធ្វើឡើងដោយគ្មានការអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច ក្រោមរូបភាពផ្សេងៗដូចជា៖ លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចីដោយផ្ទាល់ និងតាមអនឡាញជាដើម។ ក្នុងនោះបុគ្គលមួយចំនួន ថែមទាំងធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ រៀបចំខសន្យាមិនសុចរិត និងកេងចំណេញហួសហេតុ ព្រមទាំងរក្សាទុកឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ធានាកម្ចីទៀតផង។
ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចាត់ទុកសកម្មភាពទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចត្រូវផ្តន្ទាទោស និងដាក់ពិន័យតាមច្បាប់ជាធរមាន។
យោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មាត្រា២ បានចែងថា ការផ្តល់ឥណទានគ្រប់ប្រភេទ ចំពោះសាធារណជន ដោយមានកម្រៃរាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបានចាត់ទុកថាបានធ្វើអាជីវកម្មធនាគារ។ រាល់ការប្រកបអាជីវកម្មធនាគារនិងហិរញ្ញវត្ថុ ត្រូវស្នើសុំ និងទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធរអាណាព្យាបាល មុននឹងអាចផ្តល់សេវាកម្ម ជូនសាធារណជនបាន។ ផ្អែកតាមមាត្រា៥៥ បានកំណត់បញ្ជាក់ថា «បុគ្គលណាជាឯកត្តជនក្តី ឬក្នុងនាមជាអង្គភាពក្តី ដែលយកប្រតិបត្តិការធនាគារជាវិជ្ជាជីវៈជាប្រក្រតី និងសម្រាប់សាធារណជនដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ដល់២៥០លានរៀល ឬ ទណ្ឌកម្មតែមួយក្នុងចំណោមទណ្ឌកម្មទាំងពីរ ដោយមិនទាន់គិតដល់ការបិទគ្រឹះស្ថានផង»។
ទន្ទឹមនេះ ការធ្វើអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន ត្រូវស្នើសុំនិងទទួលបានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ យោងតាមប្រការ៣៣ នៃប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន « ការធ្វើអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណ ឬ ការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាពលើសពី ៦ខែ ឡើងទៅ ត្រូវរងទទួលការផាកពិន័យពី ន.អ.ប. ពី ១០លានរៀល ទៅ ២០លានរៀល និងត្រូវបញ្ឈប់សកម្មភាព អាជីវកម្មជាបន្ទាន់។ ការធ្វើអាជីវកម្មបញ្ចាំ ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានលិខិតអនុញ្ញាតអាជីវកម្ម ឬការប្រើប្រាស់លិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៦ខែឡើងទៅ ត្រូវទទួលរងការផាកពិន័យពីមន្ទីរ ពី ៥លានរៀល ទៅ ១០ លានរៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង»។
ដោយឡែក ការទទួលយក អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ ប័ណ្ណសមាជិក ប.ស.ស ដើម្បីដាក់ធានាកម្ចី គឺពុំស្របតាមស្មារតីក្រមរដ្ឋប្បវេណី ព្រោះថាឯកសារទាំងនេះ ពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម ហើយក៏ពុំអាចយកមកដាក់ធានាកម្ចីបានឡើយ។ យោងតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាត្រា១២៩ «អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ជាឯកសារផ្លូវការ មួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ញាតិខ្មែរ ដោយមិនអនុញ្ញាតឱ្យធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សបានឡើយ»។
ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានក្រើនរំលឹកជាថ្មី ម្តងទៀតដល់នីតិបុគ្គល ឬរូបវន្តបុគ្គលឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដូចដែលបានរៀបរាប់ខាងលើ។ ក្នុងករណីនៅតែបន្តសកម្មភាពល្មើសនឹងបម្រាមខាងលើនេះ នីតិបុគ្គល ឬរូបវន្តបុគ្គលនោះ នឹងត្រូវទទួលរង ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕



