នៅក្នុងតារាងបញ្ជីកត់ត្រាឈ្មោះផលិតផលដំណាំមានសក្តានុពលនាំចេញ៩មុខផ្សេងទៀតរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញដំឡូងមីស្រស់ និងផ្លែស្វាយស្រស់នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ មានការធ្លាក់ចុះព្រមគ្នា បើប្រៀបធៀបនិងកសិផលសក្តានុពលនាំចេញផ្សេងទៀតរបស់កម្ពុជា។

យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរបស់អគ្គនាយកដ្ឋានកសិកម្មថ្មីៗបានបង្ហាញថា ការនាំចេញដំឡូងមីស្រស់គិតត្រឹមរយៈពេល៨ខែមានជាង១,៩លានតោន ពោលធ្លាក់ចុះជិត១២ភាគរយ និងការនាំចេញផ្លែស្វាយស្រស់ក្នុងរយៈពេល៨ខែនេះមានជាង១៨៤ពាន់តោន ពោលគឺការធ្លាក់ចុះ ៤ភាគរយបើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។
បើតាមរបាយការណ៍ខាងលើបានគូសបញ្ជាក់ថា “ការនាំចេញដំឡូងមីស្រស់មានការថយចុះ គឺដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។
ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៥៩,៦៨ភាគរយ និងម្សៅដំឡូងមីកើនឡើងចំនួន៧៦,៨៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤ ។ ចំណែកការនាំចេញផ្លែស្វាយស្រស់ថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៥នេះការនាំចេញដំណាប់ស្វាយមានការកើនឡើងចំនួន២៣,០១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤”។

ទាក់ទងនិងដំឡូងមីនេះ, លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ធ្លាប់ប្រាប់ឱ្យដឹងថា ក្នុងនាមជាអ្នកធ្វើការផ្ទាល់ជាមួយកសិករប្រកបមុខរបដាំដំឡូងមី លោកចង់បានការដាក់ទុនសាងសង់រោងចក្រប្រមូលទិញដំឡូងមីស្រស់បន្ថែមទៀត សម្រាប់ធ្វើការកែច្នៃដំឡូងមីស្រស់ទៅស្ងួត ដើម្បីអាចកាត់បន្ថយហានិភ័យទីផ្សារនៅពេលរដូវប្រមូលមានការកើនឡើងស្ថិតនៅតាមតំបន់។ លើសពីនេះ លោកចង់ឱ្យមានក្រុមហ៊ុនកែច្នៃដំឡូងមីទៅជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ទៅដល់រោងចក្រកែច្នៃ ឬហាងនំដើម្បីកែច្នៃដំឡូងមីទៅជាអាហារផងដែរ៕

