ធនាគារធំមួយរបស់ចិន ប្តេជ្ញាជំរុញបន្ថែមទៀតឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារនាំចេញ-នាំចូលចិន (The Export-Import Bank of China – CEXIM) ដែលជាធនាគារធំមួយរបស់ប្រទេសចិន បានប្តេជ្ញាជំរុញបន្ថែមទៀតឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគី។នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក ឈិន ហួយអ៊ី (Chen Huaiyu) ប្រធានធនាគារនាំចេញ-នាំចូលចិន (CEXIM) កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ឈិន ហួយអ៊ី លោកប្រធានធនាគារ CEXIM បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគនានាដែលធនាគារ CEXIM បានគាំទ្រដល់វិនិយោគិនចិនដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងនោះមានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោជាដើម។ ក្នុងនាមប្រធានធនាគារលោក ក៏បានសន្យានឹងជំរុញបន្ថែមទៀតឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំទាំងពីរ និងការសម្រេចថ្មីៗនេះនៅក្នុងកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក (SCO Plus 2025)។ បន្ថែមពីនេះ លោកក៏នឹងជំរុញឱ្យក្រុមហ៊ុនចិនដែលទទួលបានគម្រោងវិនិយោគរួចរាល់បន្តអនុវត្តឱ្យបានលទ្ធផលល្អប្រសើរស្របតាមផែនការដែលបានកំណត់។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងពាណិជ្ជកម្មចិន (MOFCOM), ធនាគារ CEXIM ចំពោះការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះ លោក ក៏បានជម្រាបជូនអំពីវឌ្ឍនភាពថ្មីៗ និងផែនការបន្ទាប់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងភាពរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជានិច្ចកាលលោក តែងលើកទឹកចិត្តឱ្យវិនិយោគិនចិនទៅបណ្ដាក់ទុនវិនិយោគនៅទីនោះ។ ថ្មីៗនេះលោកក៏បានជំរុញឱ្យក្រុមហ៊ុន BYD វិនិយោគបង្កើតរោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរកាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

សូមបញ្ជាក់ដែរថា កន្លងមកក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវជាតិនៅក្នុងប្រទេសកម្ពុជា ប្រវែងប្រមាណជាង ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន១៦ ក៏មានការគាំទ្រពីធនាគារ CEXIM ផងដែរ៕អត្ថបទ៖ហ្សាលីន