សម្តេចធិបតី មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងបន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព»ដែលនឹងប្រារព្ធនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។

តាមរយៈសារលិខិតនោះ សម្តេចធិបតីបន្តថា វិស័យទេសចរណ៍កម្ពុជា នឹងបន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ការជំរុញការនាំចេញនៅនឹងកន្លែងឯកជន ដែលក្នុងនោះ មានទាំងការអភិវឌ្ឍ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យកម្ពុជាបន្តជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម”។

សម្តេចធិបតីបន្តថា “កាលានុវត្តភាពសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាដែលស្តែង ឡើងតាមរយៈចំណងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្តនានា កំពុងតែមានភាពល្អប្រសើរ ក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការដែលកំពុងហុចផ្លែផ្កាជាច្រើន ទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ និងតំបន់ ដូចជា ក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(GMS) មេគង្គ-ឡានឆាង មេគង្គ-ជប៉ុន មេគង្គ-កូរ៉េ ភាពជាដៃគូមេគង្គ-អាម៉េរិក មេគង្គ-គង្គា (ឥណ្ឌា) និងអេកម៉ិក ជាដើម”។

សម្តេច បញ្ជាក់ដែរថា “កន្លងមក រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ ដើម្បីពង្រឹង ភាពធន់នៃវិស័យទេសចរណ៍ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការលើកទឹកចិត្តនានា ការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍និងផលិតផលទេសចរណ៍ ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍ សម្បទាទេសចរណ៍និងការតភ្ជាប់យ៉ាងច្រើនដែលគាំទ្រនិងបម្រើដល់វិស័យទេសចរណ៍ មានជាអាទិ៍៖ គម្រោង ព្រែកជីកហ្វូណនតេជោ ការបន្តស្ថាបនាបន្ថែមនូវស្ពាន ថ្នល់ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន មន្ទីរពេទ្យ ការបន្តពង្រីកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទខ្នាត 4F កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ការជំរុញជើងហោះត្រង់ថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់ជាច្រើនទៀតផងដែរ”។

សូមជម្រាបថា គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕ អត្ថបទ៖ ហ្សាលីន