ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំតម្រង់ទិសការងាររបស់សាលាភូមិន្ទរដ្ឋបាល កំណត់ចក្ខុវិស័យក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រីរាជការឈានមុខគេ

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២៥ របស់សាលាភូមិន្ទរដ្ឋបាល និងការតម្រង់ទិស ព្រមទាំងការដាក់ចេញនូវគោលដៅការងារបន្តបន្ទាប់ទៅមុខទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបរិបទកម្ពុជា កំពុងឆ្ពោះទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ច ការរៀបចំប្រព័ន្ធ និងគោលការណ៍យុទ្ធសាស្ត្រដ៏សមស្រប គឺជាកិច្ចការមួយដ៏សំខាន់មិនអាចមើលរំលងបាន ក្នុងការជំរុញឱ្យសាលាភូមិន្ទរដ្ឋបាល បន្តពង្រឹងសមត្ថភាព គុណភាព និងនវានុវត្តន៍ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសាធារណៈ។

មានប្រសាសន៍ចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “កិច្ចប្រជុំរបស់យើងនាពេលនេះ គឺជាការពិភាក្សា និងតម្រង់ទិសការងាររបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីសម្រេចចក្ខុវិស័យក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រីរាជការឈានមុខ ទាំងគុណភាព ទាំងនវានុវត្តន៍ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះមតិយោបល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត លោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាទាំងអស់ នឹងក្លាយជាធាតុចូលដ៏មានតម្លៃ នឹងក្លាយទៅជាគោលបំណងរួមនៃការអភិវឌ្ឍសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានភាពរីកចម្រើន”។

កិច្ចប្រជុំនាព្រឹកនេះ បានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន៧ រួមមាន៖ (១)របាយការណ៍វឌ្ឍនភាពការងាររយៈពេល៩ខែ របស់សាលាភូមិន្ទរដ្ឋបាល (ស.ភ.រ), (២)សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២៦-២០៣០) របស់ស.ភ.រ, (៣)ការត្រៀមលក្ខណៈបែងចែកកន្លែងបំពេញការងាររបស់សិស្សមន្ត្រីក្រមការ ជំនាន់ទី១១, (៤)សំណើជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២, (៥)សំណើជ្រើសរើសកម្មសិក្សាការីនៃវគ្គវិក្រឹតការ ឆ្នាំ២០២៦, (៦)ប្លង់ទីតាំងនៃអគារថ្មី របស់ស.ភ.រ. និង (៧)បញ្ហាផ្សេងៗ។

ក្រោយពេលដែលបានស្តាប់មតិយោបល់របស់សមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ក្នុងការពិភាក្សាយោបល់យ៉ាងផុលផុសលើគម្រោងផែនការយុទ្ធសាស្ត្រ និងទិសដៅការងារឆ្ពោះទៅមុខលើការពង្រឹងគុណភាពបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែល្អប្រសើរ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលជាកិច្ចពិភាក្សារបស់យើងជារួម ផ្គួបផ្សំនឹងផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០ គឺឆ្លុះបញ្ចាំងបញ្ជាក់ថា យើងមិនមែនគិតត្រឹមតែមុំនៃវគ្គបណ្តុះបណ្តាល ទៅលើវិជ្ជាជីវៈ ឬសមត្ថភាពរបស់មន្ត្រីរាជការ ដែលត្រូវចេញទៅបម្រើប្រទេសជាតិតែមួយមុខនោះទេ គឺយើងបានគិតគូរទៅលើមនសិការ ស្មារតី និងឥរិយាបថរបស់មន្ត្រីបន្ថែមទៀត។

“សាលាភូមិន្ទរដ្ឋបាល ដើរតួសំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ ដែលជាឆ្អឹងខ្នងនៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវមានសមត្ថភាព ទាំង Hard skills ទាំង Soft skills និងចាំបាច់ណាស់ត្រូវយល់ពីបុព្វហេតុរួមក្នុងការបម្រើប្រជាជនខ្មែរ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕