ក្រសួងការពារជាតិ៖ ការបាញ់ប្រហាររបស់យោធាថៃមកលើទីតាំងកងកម្លាំងកម្ពុជានៅថ្ងៃទី២៧ កញ្ញានេះ បណ្ដាលឱ្យខូចខាតសំណង់មួយចំនួន

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួនពីរលើក ដែលបណ្ដាលឱ្យខូចខាតសំណង់មួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា យោធាថៃបានផ្ដើមបាញ់មកលើទីតាំងកងកម្លាំងកម្ពុជាចំនួន២លើក ដោយលើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជា មិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។

ក្រសួងការពារជាតិ គូសបញ្ជាក់ថា ការវិវត្តន៍នៃស្ថានការណ៍នៅជួរមុខ ចាប់តាំងពីម៉ោង ១២:៤៦ នាទីរសៀល មកដល់ម៉ោង ១៨:៣០នាទីនេះ តាមការផ្តល់ស្ថានភាពមានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃបានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។ ជាមួយគ្នានេះ កងកម្លាំងរបស់យើងបាននឹងបន្តតាមដានសភាពការណ៍ ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន។

អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កងកម្លាំងរបស់កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា ដោយស្មារតីស្ថាបនា និងស្មោះត្រង់៕