រដ្ឋាភិបាល នឹងបង្កើនថវិកាដល់៨ពាន់លានរៀលក្នុង១ឆ្នាំ ជួយសមាគមអតីតយុទ្ធជន ចាប់ពីឆ្នាំ២០២៦តទៅ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរកស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបង្កើនថវិកាពី ៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅដល់៨ពាន់លានរៀលក្នុងមួយឆ្នាំ ដើម្បីជួយសម្រាលទុកលំបាករបស់សមាគមអតីតយុទ្ធជន ដោយនឹងចាប់អនុវត្តពីឆ្នាំ២០២៦តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងនៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា៖ “តាមការបញ្ជាក់ ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត យល់ព្រមបង្កើនថវិកា ពី៤ពាន់លានរៀលក្នុង១ឆ្នាំ ទៅដល់៨ពាន់លានរៀលក្នុង១ឆ្នាំៗ ចាប់តាំងពីឆ្នាំ២០២៦ទៅ ព្រោះឆ្នាំនេះ គឺជាឆ្នាំកន្លងផុត ដែលបានបន្ថែម៥០០លាន ប៉ុន្តែចាប់ពីឆ្នាំក្រោយទៅ គឺបង្កើនរហូតទៅដល់៤ពាន់លានរៀល គឺយើងកើន៤ពាន់លានទៅកាន់៨ពាន់លានរៀល”។

ក្រៅពីសម្តេចតម្លើងថវិកាជូនសមាគមអតីតយុទ្ធជនហើយនោះ សម្តេចតេជោ ក៏បានណែនាំឱ្យសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និង និវត្តជន ដែលមានស្នាដៃ និង មានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍។

សម្តេចសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារអតីតយុទ្ធជន និងនិវត្តជន ខ្លួនឯង មានដីជាកម្មសិទ្ធិដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អាជ្ញាធរដែនដី សប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និងសម្ភារ:។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និងនិវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និងនិវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់ ៕អត្ថបទ៖ ហ្សាលីន