ធនាគារអភិវឌ្ឍន៍អាស៊ី នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ចំនួន៥

សង្គម​ និង​សេដ្ឋកិច្ច

នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា  បានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារ ADB ខណៈADB ក៏បានប្តេជ្ញាថា នឹងជួយជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ចំនួន៥ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កាលពីសប្តាហ៍មុន។

នាឱកាសនោះ តំណាងធនាគារ ADB បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា ។ លោកស្រីនាយិកាក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និង កម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីនេះ, លោកស្រី ក៏បានលើកឡើងពីគម្រោងមួយចំនួនដែលកំពុងបន្តអនុវត្ត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងធនាគារ ADB និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិស័យអាទិភាពចំនួន៥ រួមមាន៖ វិស័យអប់រំ, ធនធានទឹក, កសិកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ជាដើម។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារ ADB និងកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណដល់ធនាគារ ADB ដែលតែងតែគាំទ្រដល់កម្ពុជាទាំងក្នុងការរៀបចំផែនការ, ក្របខណ្ឌយុទ្ធសាស្ត្រ, និងគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេសការជួយគាំទ្រកម្ពុជាក្នុងការរៀបចំចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) នៅឆ្នាំ២០២៩ ខាងមុខ ។

ជាថ្មីម្តងទៀត សម្ដេចធិបតី ក៏បានបញ្ជាក់ពីការបន្តគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកទឹកចិត្តដល់ធនាគារ ADB បន្តសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍថ្មីៗ បន្ថែមទៀតផងដែរ៕ អត្ថបទ៖ ហ្សាលីន