កម្ពុជា-ចិន ជំរុញការបើកទីផ្សារឱ្យកាន់ទូលំទូលាយបន្ថែមទៀតលើការវិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានពិភាក្សាគ្នាជំរុញការបើកទីផ្សារឱ្យកាន់ទូលំទូលាយបន្ថែមទៀតសម្រាប់កសិផលកម្ពុជា និងជំរុញការវិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សាពីការជំរុញបើកទីផ្សារឱ្យកាន់ទូលំទូលាយបន្ថែមទៀតរវាងភាគីទាំងពីរ ធ្វើឡើងរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក Maierdan Mugaiti  អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជា-ចិន បានពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយបានពិភាក្សាការជំរុញការបើកទីផ្សារឱ្យកាន់ទូលំទូលាយបន្ថែមទៀតសម្រាប់កសិផលកម្ពុជា និងជំរុញការវិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា តាមការអនុវត្តកម្មវិធីច្រករបៀងមច្ឆានិងអង្ករ ដើម្បីពង្រឹងកសិក-ពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពដ៏​សំខាន់​​មួយ​របស់​កម្ពុជា​ដែល​​ចូល​រួម​ចំណែក​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​ធានាសន្តិសុខ​ស្បៀង​ ​បង្កើត​ឱកាសការងារ និងប្រាក់​ចំណូល​ទៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​​ការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​​។ កម្ពុជានៅតែបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ។

ការ​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម គឺ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ជា​ពិសេស​លើ​ការ​កែច្នៃ​ផលិតផល​ប្រកប​ដោយ​គុណភាព​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មតែងតែទាក់ទាញ ក៏ដូចជាលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យវិនិយោគលើវិស័យកសិកម្មនេះនៅកម្ពុជាផងដែរ៕