សម្តេចតេជោ៖ ប្រជាជនកម្ពុជា ស្ទើតែ ៩៩ % ទៅហើយដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ កាលយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា៖«ខ្ញុំទើបបានមើលវីដេអូមានរយៈពេល ជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេស សម្រាប់លោកKO1តែម្តង»។

សម្តេចតេជោបន្តថា៖«ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។ចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា?ដុតបំផ្លាញចោលឬបន្តលក់ប្រមូលដើមទុនមកវិញ?»។

សម្តេចតេជោ បញ្ជាក់ថា ប្រសិនបើKo1មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូចKo1បានធ្វើដែលមានក្នុងវីដេអូនេះ។បើមនុស្សមិនទទួលទាន ទុកឲ្យសត្វស៊ីប្រសើរជាងដុតឬកំទេចចោល។សម្តេចក៏សូមឲ្យKo1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖« ខ្ញុំគាំទ្រការលក់ទំនិញចាស់ឲ្យអស់តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន។ឯអ្នកទិញក៏គួរពិនិត្យតើជាទំនិញចាស់ឬទំនិញថ្មី?ព្រោះទំនិញមានកាលកំណត់របស់វា»។

ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានណែនាំឱ្យខិតខំផលិតទំនិញក្នុងស្រុកនិងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈសម្តេចក៏ស្នើឱ្យ លោក Ko1សូមចូលរួមយុទ្ធនាការជុំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញប្រសើរជាងផងដែរ៕ អត្ថបទ៖ហ្សាលីន