លោក Matt Western សមាជិកសភាអង់គ្លេស និងជាបេ្រសិតពាណិជ្ជកម្មប្រចាំកម្ពុជា ថៃ ឡាវ និងវៀតណាម និងគណៈប្រតិភូសា្ថនទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានប្តេជ្ញាជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាមួយ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
នាឱកាសនោះ លោក Matt Western បានឱ្យដឹងថា ជំនួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា គឺដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេសឱ្យកាន់តែខ្លាំងថែមទៀត។
ជាលទ្ធផល តាមរយៈកិច្ចប្រជុំខាងលើ ក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាអង់គ្លេស បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដោយផ្តោតលើកំណើនប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព តំបន់សេដ្ឋកិច្ចពិសេសបៃតង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ជាពិសេសការត្រៀមរៀបចំវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមលើកទី៣ នាពេលខាងមុខ។

សូមម្រាបដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា រហូតដល់ខែមិថុនា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានជាង៣០ពាន់លានដុល្លារ មានការកើនឡើងជាង១៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែល បានបង្ហាញឱ្យដឹងថា ការនាំចេញចូលទំនិញរបស់កម្ពុជារយៈពេល៦ខែ ឆ្នាំ២០២៥នេះ សម្រេចបានទំហំទឹកប្រាក់ ៣០,៥ពាន់លានដុល្លារ កើនឡើង១៧,២%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រចបានជាង ១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២% រីឯការនាំចូលទំនិញមកវិញមានតម្លៃ ១៦.២៧ពាន់លានដុល្លារ កើនឡើង១៨%៕ អត្ថបទ៖ហ្សាលីន

