ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំភើបដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើហ្វេសប៊ុកកាលថ្ងៃទី៧ ០៨ ២០២៥ បានបង្ហាញក្តីរំភើប នូវស្មារតីស្នេហាជាតិពីប្រជាជនខ្មែរទូទាំងពិភពលោក ដែលគាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាការទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។
សម្តេចបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដើម្បីឈានទៅបញ្ចប់សង្គ្រាម។

សម្តេចធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។
ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទាអោយមានការដោះលែងពួកគេ អោយវិលត្រលប់មកកម្ពុជាវិញអោយបានឆាប់រហ័សជាទីបំផុតផងដែរ៕ អត្ថបទ៖ហ្សាលីន





