ក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. ដែលជារោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់មួយរបស់ប្រទេសចិន មានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

នេះបើតាមការឱ្យដឹងពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាទីក្រុងសៀងហៃ ប្រទេសចិន។
លើកឡើងលើទំព័រហ្វេសប៊ុក លោកអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. ជារោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់មួយរបស់ប្រទេសចិន។ ក្រុមហ៊ុននេះផ្តោតលើការវិនិយោគសមធម៌ឧស្សាហកម្ម ការផលិតគ្រឿងម៉ាស៊ីន និងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ធនធានមូលធនជាមួយនឹងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនឧស្សាហកម្មរយៈពេលវែង។
លោកបានបន្ថែមថា ក្នុងជំនួបនេះក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ។
បើតាម លោក ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕



