ក្រុមហ៊ុនចម្រាញ់ប្រេងកាតធំមួយ មានបំណងចង់វិនិយោគនៅក្នុងទឹកដីខេត្តកោះកុង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO., LTD. ដែលមានបទពិសោធន៍លើដំណើរការអាជីវកម្មចម្រាញ់ប្រេងកាត បានបង្ហាញបំណងចង់សិក្សាស្វែងរកឱកាសវិនិយោគនៅខេត្តកោះកុងនាពេលឆាប់ខាងមុខ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយអាជ្ញាធរេខេត្តនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO., LTD.កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

លោកស្រី ឈី វ៉ា បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺមានគោលបំណង​ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបង្កើនកំណើន អត្រាការងារសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ឱ្យកាន់តែមានភាពល្អប្រសើរ។

ទន្ទឹមគ្នានេះដែរ តំណាងក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO., LTD.) ដែលជាក្រុមហ៊ុនវិនិយោគ សាងសង់រោងចក្រចម្រាញ់ប្រេងកាត ក៏បានបង្ហាញពីបំណងរបស់ក្រុមហ៊ុនដោយចង់សិក្សាស្វែងរកឱកាសវិនិយោគ សិក្សាសមិទ្ធិលទ្ធភាព ស្តីពីការវិនិយោគនៅក្នុងទឹកដីខេត្តកោះកុងនាពេលខាងមុខផងដែរ។

ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន