បច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលស្អាត ជាង ៦៣% ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

បច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីចេញពីប្រភពថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ប្រមាណជាង ៦៣%ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការលើកឡើងពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះ គណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ បានជម្រាបពីសាវតា និងបច្ចុប្បន្នភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងបណ្តាប្រទេសជិតខាងក្នុងតំបន់ ព្រមទាំងចក្ខុវិស័យលើការពង្រីកវិសាលភាពវិនិយោគ ក៏ដូចជាផែនការវិនិយោគរបស់ខ្លួន ដែលគិតថាស័ក្តិសមទៅនឹងសក្តានុពលជាក់ស្តែងរបស់កម្ពុជា។ ទន្ទឹមនឹងគ្នានេះ វិនិយោគិនកូរ៉េ ក៏បានបង្ហាញពីផែនការវិនិយោគ ភាគីកូរ៉េក៏បានយកឱកាសនេះលើកឡើងនូវចំណុចមួយចំនួន និងសំណូមពរចាំបាច់នានា ដើម្បីជាប្រយោជន៍ដល់ការប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរលូន។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្វាគមន៍ និងអំណរគុណចំពោះគណៈប្រតិភូធុរកិច្ចកូរ៉េ ដែលបានសម្លឹងឃើញពីសក្តានុពលជាវិជ្ជមានរបស់កម្ពុជា។ ឯកឧត្តម បានទទួលស្តាប់នូវរាល់ការលើកឡើងរបស់វិនិយោគិនកូរ៉េដោយយកចិត្តទុកដាក់ និងបានជម្រាបជូននូវព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធសំខាន់ៗ ដើម្បីស្រាយនូវចម្ងល់ និងបានជាមូលដ្ឋានបន្ថែមសម្រាប់ការសម្រេចចិត្ត ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ, ផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ, ផែនការមេភស្តុភារកម្ម ២០២៣-២០៣៣, និងការប្រើប្រាស់ថាមពលបៃតង ដែលបច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីចេញពីប្រភពថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ប្រមាណជាង ៦៣% នៃអានុភាពតម្លើងក្នុងស្រុកសរុប ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ។

តាមរយៈជំនួបខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល និងវិនិយោគិនកូរ៉េ ក៏បានពិភាក្សាពីការជំរុញ និងទាក់ទាញលំហូរទុនវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ៕អត្ថបទ៖ហ្សាលីន