លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង។

យោងតាមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ផន រឹម បានចោទសំណួរថា យានយន្តប្រភេទណា ដែលសំគាល់ថាជាយានយន្តអគ្គិសនី(EV)?
ឆ្លើយតបសំណួរខាងលើ លោក ផន រឹម បានបញ្ជាក់ថា យានយន្តអគ្គិសនី(Electric Vehicle-EV)សំដៅដល់យានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយសម្រាប់ស្តុកថាមពល។ ជាទូទៅ យានយន្តអគ្គិសនីត្រូវបានបែងចែកជា៣ប្រភេទ៖ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ(Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ(Hybrid Electric Vehicle-HEV) និង៣/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ តែអាចបញ្ចូលថាមពលដូចយានយន្តអគ្គិសនីសុទ្ធបាន(Plug-In HEV-PHEV)។

លោកបន្តថា នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។
លោកក៏បានគូសបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង។
សូមជម្រាបផងដែរថា ស្របតាមការកំណត់ទិសដៅជាក់លាក់ ដែលមានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនី របស់ពិភពលោក និងក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០ផងដែរ។


