រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញអ្នកវិនិយោគ និងធុរជនអន្តរជាតិ ស្វែងយល់កាលានុវត្តភាពវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ បានជំរុញអ្នកវិនិយោគ និងធុរជនអន្តរជាតិ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសំខាន់ៗនានា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគសម្រាប់ពាណិជ្ជកម្មប្រកប ដោយចីរភាព និងនវានុវត្តន៍នៅក្នុងវិស័យស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៨ ខែវិច្ឆិកា លោកស្រីរដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោកឆ្នាំនេះ គឺពិតជាមានអត្ថន័យពិសេសសម្រាប់កម្ពុជា ដែលនេះមិនត្រឹមតែបង្ហាញពីភាពលេចធ្លោរបស់កម្ពុជា ក្នុងសហគមន៍ស្រូវអង្ករសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត របស់កម្ពុជាចំពោះនិរន្តរភាព នវានុវត្តន៍ និងកំណើនប្រកបដោយបរិយាបន្ន ក្នុងការតម្រែតម្រង់អនាគតនៃផលិតកម្មស្រូវអង្ករផងដែរ។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាប្រឈមនានាដែលនឹងអាចកើតមាននាពេលអនាគតដូចជា ភាពស្មុគស្មាញនៃបទប្បញ្ញត្តិនាំចូល អត្រាពន្ធគយខ្ពស់ និងបញ្ហាការដឹកជញ្ជូន ដែលបានរារាំងការចូលទៅកាន់ទីផ្សារថ្មី ប៉ុន្តែក្រសួងពាណិជ្ជកម្ម នៅតែបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការចរចាពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល និងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន។

ទន្ទឹមនឹងនោះ លោកស្រីរដ្ឋមន្ត្រី បានអញ្ជើញអ្នកចូលរួមទាំងអស់ អ្នកវិនិយោគ និងធុរជនអន្តរជាតិ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសំខាន់ៗនានា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគសម្រាប់ពាណិជ្ជកម្មប្រកប ដោយចីរភាព និងនវានុវត្តន៍នៅក្នុងវិស័យស្រូវអង្កកម្ពុជា។

សូមជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងវត្តមានរបស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងគោលបំណងធ្វើពិពិធកម្មគោលដៅនាំចេញ និងបង្កើនភាពប្រកួតប្រជែង៕