ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុងដែលមានប្រជាជន ប្រមាណ៩២លាននាក់ ជាប់លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងទី១៧ ក្នុងពិភពលោក។

ការចុះអនុស្សរណៈរវាងកម្ពុជា និងអ៊ីរ៉ង់ បានធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Seyed Reza Salehi Amiri រដ្ឋមន្រ្តីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
បើតាមក្រសួងទេសចរណ៍ ការអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-អ៊ីរ៉ង់ នេះ គឺដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់។

លើសពីនេះ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីកទេសចរណ៍ម៉ូស្លីម (Muslim Friendly) និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌសំដៅទាក់ទងភ្ញៀវទេសចរអីរ៉ុងដែលមានចំនួនច្រើនជាង៥ដង មកទស្សនាប្រទេសកម្ពុជា និងកាលានុវត្តភាពវិនិយោគ ជាពិសេសក្នុងវិស័យទេសចរណ៍ ជាមួយនឹងភាពងាយស្រួលក្នុងការធ្វើដំណើរផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Etihad រវាងទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានដំណើរការកាលពីដើមខែតុលាកន្លងទៅនេះ៕





