កម្ពុជា-ហុងកុង រួមគ្នាពង្រឹងអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ដើម្បីលើកកម្ពស់ទីផ្សារសេរីឱ្យមានតម្លាភាព

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (CCC) និងគណៈកម្មាធិការប្រកួតប្រជែងហុងកុង(HKCC) បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)គ្នា ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង សំដៅលើកម្ពស់ទីផ្សារសេរីឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

MoU នេះ បានធ្វើឡើងកាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា Çគ.ប.ក.È និងលោក Samuel Chan ប្រធានគណៈកម្មាធិការប្រកួតប្រជែងនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKCC) នៃសាធារណរដ្ឋប្រជាមានិតចិន។

MoU រវាងភាគីទាំងពីរ គឺជាការបង្កើតក្របខ័ណ្ឌផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការទាំងពីរ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន កិច្ចសហការលើការងារបច្ចេកទេស និងការកសាងសមត្ថភាពមន្ត្រី ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពនៅក្នុងដែនសមត្ថកិច្ចនៃភាគីទាំងពីរ។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  លោកស្រី ចម និម្មល បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការការចែករំលែកចំណេះដឹង និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមស្ថាប័នប្រកួតប្រជែង ក្នុងនោះផងដែរ អនុស្សរណៈនៃការយោគយល់គ្នានេះ ជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និងស្របតាមឧត្តមានុវត្តល្អៗរបស់អន្តរជាតិ។

លោកស្រី បន្តថា ភាពជាដៃគូសហការនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តច្បាប់ និងជួយឱ្យស្ថាប័នទាំងពីរជៀសវាងពីសកម្មភាពត្រួតស៊ីគ្នាក្នុងករណីបទល្មើសឆ្លងដែន។ លោកស្រី ក៏បានកត់សម្គាល់ផងដែរថា ការប្រកួតប្រជែងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្រសួងពាណិជ្ជកម្ម រំពឹងថា តាមរយៈអនុស្សរណៈនេះដែរ នឹងដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងហុងកុង ជំរុញការប្រកួតប្រជែងដោយយុត្តិធម៌និងស្មើរភាព និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលកាន់តែទូលំទូលាយ ក្នុងការលើកកម្ពស់ទីផ្សារសេរី និងមានតម្លាភាព៕អត្ថបទ៖ហ្សាលីន