លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់ផ្លូវជនបទ ប្រវែង ៦, ៣០គ.ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្តត្បូងឃ្មុំ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ឆាយ ឫទ្ធិសែន បានថ្លែងថាពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង ១ខ្សែ ប្រវែង ៦,៣០គ.ម និងសំណង់សិល្បការ្យចំនួន ១១កន្លែង និងការបំពាក់អំពូលសូឡាបំភ្លឺលម្អតាមដងផ្លូវ ចំនួន ១៦៧ដើម ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ២ ០២០គ្រួសារ ស្មើនឹងប្រជាជនសរុបជិត ១ម៉ឺននាក់ ក្នុងភូមិចំនួន១០ នៃឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកបន្តថាជាមួយនឹងកម្មវិធីបើកការដ្ឋាននាពេលនេះ ក៏សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវខ្សែផ្លូវជនបទចំនួន ៩ខ្សែ ដែលមានប្រវែងសរុប ៧០,៤គ.ម ផងដែរ ដែលផ្តល់ផលយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ១២ឃុំ សរុបចំនួន ១៧៤,៦១០នាក់ ស្មើរនឹងជាង ១៥០០០គ្រួសារ, មណ្ឌលសុខភាពចំនួន ៧កន្លែង, សាលារៀនចំនួន២៦កន្លែង, ផ្សារ៧កន្លែង និងវត្តអារាមចំនួន១២កន្លែង តាមរយៈការជួយគាំទ្រ និងសម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ជាពិសេសធានាបានូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាល។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេងនិងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន បាននិងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត ជូនប្រទេសជាតិនិងប្រជាជន ដើម្បីសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ“កម្ពុជាជាប្រទេស មានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០”៕











