សម្តេចធិបតី ប្រាប់ទៅលោក អ៊ុំ សំអាន កុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនរាប់ទសវត្សរ៍

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០២៥ បានបង្ហោះសារដោយប្រាប់ទៅកាន់លោក អ៊ុំ សំអាន ដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសថា សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចនាយករដ្ឋមន្រ្តី ឆ្លើយទៅបែបនេះ ក្រោយពេលលោក អ៊ុំ សំអាន កាលពីព្រឹកមិញនេះ បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា÷ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមស៊ីវិលនាទសវត្សទី៨០។ ហើយការបង្ហោះពាក់ព័ន្ធនឹងរឿងព្រំដែនដោយប្រឌិតរឿងមិនពិត ក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។

សម្តេចបញ្ជាក់ថា ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា÷ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។

ជុំវិញរឿងនេះដែរ សម្តេចបន្តថា៖«ខ្ញុំនិងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៊ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។ សង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ឯកឧត្តម អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិ ដូចអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ»។

និយាយដោយត្រង់ តាមដែលសម្តេចមើលឃើញ និងប្រហែលដូចដែលអ្វីបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នាដែរនោះ គឺរហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទី (ក្រៅតែពីបានទៅសុំ ហ្វូតូកូពីផែនទីមួយផ្ទាំង ពីពីបណ្ណាល័យ សភាសហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ) ទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានា (ឃើញតែលើកឡើងថា អ្នកនេះឬអ្នកនោះ បាននិយាយថាដីខ្មែរពីមុននៅនោះ មិនមែននៅនេះទេ ដូចជាករណីដែលគាត់លើកឡើងថា ឯ.ឧ អ៊ី ឈាន បាននិយាយដូច្នេះ នៅពេលដែល ឯ.ឧ អ៊ី ឈាន ច្រានចោលថាជាការប្រឌិត ។ល។)។

ជាថ្មីម្តងទៀត សម្តេចក៏បានឲ្យយោបល់ដូច្នេះថា៖ បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់ស្វែងយល់អំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីអោយអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។

ជាងនេះទៀត សម្តេចថា បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីអោយអ្នកបច្ចេកទេសធ្វើបទបង្ហាញអោយ ដែលតំណាងអស់លោកអាចយកទៅពន្យល់បន្តដល់លោកនិងក្រុមលោក។ សម្តេចជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព៕ អត្ថបទ៖ហ្សាលីន