បដិវត្តកម្មឌីជីថលកម្ពុជា ជាជំហានមួយទៀតឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយគុណភាពសម្រាប់យើងទាំងអស់គ្នា ខណៈដែលប្រទេសអូស្ត្រាលីកំពុងគាំទ្រដំណើរការរបស់កម្ពុជាឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយគុណភាពខ្ពស់។

ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសេហ្វ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការថ្នាលឌីជីថល “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សាដែលត្រូវបានរៀបចំឡើងសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។
ថ្នាលអភិវឌ្ឍសមត្ថភាពទូទាំងប្រទេសនេះនឹងអាចប្រើប្រាស់បានដោយអ្នកជំនាញផ្នែកអប់រំទាំងអស់ ដើម្បីពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀន និងជំរុញការរៀនសូត្របន្ត ដើម្បីបង្កើនគុណភាពការអប់រំសម្រាប់សិស្សានុសិស្ស។
គួរបញ្ជាក់ថា ថ្នាលអភិវឌ្ឍសមត្ថភាពគឺជាប្រព័ន្ធគ្រប់គ្រងការសិក្សាសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយមានការគាំទ្រថវិកាពីភាពជាដៃគូសកលសម្រាប់ការអប់រំ និងសហភាពអឺរ៉ុបតាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ និងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីតាមរយៈអង្គការយូនីសេហ្វ និងចូលរួមគាំទ្រផ្នែកបច្ចេកទេសពីអង្គការអប់រំពិភពលោក ។
តាមរយៈការធ្វើឌីជីថលរូបនីយកម្មការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ ក្រសួងអប់រំ បាននិងកំពុងផ្តល់សិទ្ធិអំណាចដល់អ្នកអប់រំ ជាមួយនឹងឧបករណ៍ ចំណេះដឹង ជំនាញ និងការគាំទ្រ ដើម្បីជំរុញការសិក្សា និងធ្វើឱ្យប្រសើរទ្បើងនូវលទ្ធផលសិក្សា ដែលកម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ចំពោះនវានុវត្តន៍ សមធម៌ និងឧត្តមភាពក្នុងវិស័យអប់រំ។ អ្នកជំនាញផ្នែកអប់រំគ្រប់រូបទូទាំងប្រទេស អាចប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ សម្រាប់ជួយលើកកម្ពស់គុណភាពអប់រំដែលផ្តល់ជូនដល់សិស្សានុសិស្ស៕




