ក្រុមហ៊ុនធំៗ និងរោងម៉ាស៊ីនកិនស្រូវចំនួន ៦ ចុះកិច្ចសន្យាទិញស្រូវ និងបន្លែឱ្យបាន ២ម៉ឺនតោន

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនធំៗ និងរោងម៉ាស៊ីនកិនស្រូវសរុបចំនួន៦ ចុះកិច្ចសន្យាទិញស្រូវឱ្យបានជិត២ម៉ឺនតោន និងបន្លែទៅតាមការប្រមូលផលជាក់ស្តែង ពីសហគមន៍កសិករចំនួន៤០នៅទូទាំងខេត្តកំពង់ធំ និងចុះអនុស្សរណៈយោគយល់ចំនួន១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការធានាការទូទាត់នៅពេលប្រមូលផល កាលថ្ងៃទី២៨ ខែមិថុនាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានឱ្យដឹងថា គំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មនេះ ធ្វើឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារសម្រាប់ប្រជាកសិករ។

លោកគូសបញ្ជាក់ថា ការចុះកិច្ចសន្យាកសិកម្មទាមទារឱ្យភាគីទាំងអស់ ទាំងខាងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ គោរពកិច្ចសន្យា និងស្មោះត្រង់ជាមួយគ្នា។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា កិច្ចសន្យាទាំង៤៦នេះ គ្របដណ្ដប់លើផ្ទៃដីចំនួន៦,៦៩០ហិកតា និងអនុវត្តដោយកសិករចំនួន២,២៣៦គ្រួសារ នៅក្នុងស្រុកចំនួន៧នៃខេត្តកំពង់ធំ។

បើតាមលោកឧកញ៉ាមានប្រភេទស្រូវមួយចំនួនដែលភាគីទាំងពីរបានធ្វើកិច្ចសន្យាលើការទទួលទិញ រួមមាន៖ ប្រភេទផ្ការំដួលមានចំនួន៦,២៣៣តោន, ស្រូវសែនក្រអូបមានចំនួន២,៨៩០តោន, ស្រូវប្រភេទអូអឹមមានចំនួន១,៨៥០តោន, ស្រូវគ្រាប់ខ្ចីចំនួន៦,៦៩០តោន និងមានកិច្ចសន្យាលើបន្លែតាមបរិមាណជាក់ស្ដែងបន្ថែមទៀត។

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចសន្យាទាំង៤៦ដែលបានធ្វើឡើងនាពេលនេះរួមមាន៖ ក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd, ក្រុមហ៊ុន Signatures of Asia Co.,Ltd, ក្រុមហ៊ុន Kompong Thom Rice Mill 1688, ក្រុមហ៊ុន B.R.M Agro Co.,Ltd,ក្រុមហ៊ុន Daily Fresh Food, រោងម៉ាស៊ីនកិនស្រូវ ជូ ផេង និងរោងម៉ាស៊ីនកិនស្រូវ ងួន ហុង ព្រមទាំងចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន Signatures of Asia Co.,Ltd និងស្ថាប័នមីក្រូហិរញ្ញវត្ថុ AMK៕