ឯកឧត្តម សុខ លូ បង្ហើបប្រាប់ពីគម្រោងកសាងនិងជួសជុលផ្លូវ ក្នុងខេត្តបាត់ដំបង

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហើបពីគម្រោងធំៗរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ជួសជុលផ្លូវ និងស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាត់ដំបង នៅឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីប្រជាពលរដ្ឋលើកឡើងពីរង្វល់បញ្ហាផ្លូវលំបាកធ្វើដំណើរនៅក្នុងក្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែធ្នូ ឯកឧត្តម សុខ លូ បានលើកឡើងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកបានចូលរួមកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឯកឧត្តម បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២៦ខាងមុខនេះ ផ្លូវ២១ខ្សែនៅក្រោមគម្រោងADB ប្រវែង១០,៧ គម នឹងត្រូវជួលជុលនិងធ្វើឡើងវិញ។ រីឯផ្លូវផ្សេងៗទៀតក៏នឹងត្រូវកសាងនិងជួសជុលជាបន្តបន្ទាប់។

កន្លងមករដ្ឋបាលខេត្ត ក៏បានស្នើសុំទៅសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចក៏បានបើកភ្លើងខៀវ ឱ្យមានការជួសជុល និងស្តារផ្លូវក្នុងក្រុងបាត់ដំបងនេះឡើងវិញផងដែរ។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម សុខ លូ ជា អភិបាលខេត្តបាត់ដំបង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ច ដដែល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕