ស្អែកនេះ!ក្រុមហ៊ុនអាកាសចរណ៍តួគីយ៉េ នឹងចាប់ផ្តើមជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងភ្ជាប់ជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍​ រួមជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយសាធារណរដ្ឋតួគីយ៉េ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងភ្ជាប់ជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួគីយ៉េ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ»។

លោក ហួត ហាក់​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់បានគូសបញ្ជាក់ថា  ការបើកជើងហោះហើរថ្មីនេះពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរដល់គោលដៅជាង៣៥០កន្លែងដល់ប្រទេសចំនួន១៣០ប្រទេសជុំវិញពិភពលោកមួយនេះ។

គួរបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់) ។

ជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល៕