រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ណែនាំ ៩ចំណុច ទៅកាន់អភិបាលខេត្តជាប់ព្រំដែនថៃ ចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានណែនាំ ៩ចំណុច ទៅកាន់អភិបាលខេត្តជាប់ព្រំដែនប្រទេសថៃ ចំពោះមុខសភាពការណ៍ឈ្លានពានពីសំណាក់យោធាថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ អនុវត្តវិធានការចំនួនដូចខាងក្រោម៖

  1. ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់ដែលមានហានិភ័យខ្ពស់ ឱ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេច ដោយរដ្ឋបាលខេត្តសាមីឱ្យបានឆាប់បំផុត ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។
  2. ត្រូវចាត់ចែង និងផ្ដល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី រៀបចំជម្រកឬតង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀតឱ្យបានសមស្រប។
  3. អាចធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ និង សប្បុរសជននានា ឱ្យផ្ដល់ជំនួយជាស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និងសេវាសង្គម ចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព។
  4. ត្រូវបែងចែកកម្លាំង និងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រង និងថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាព ព្រមទាំងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋភៀសសឹកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីសំណាក់ជនខិលខូច។ ទន្ទឹមនេះ ត្រូវចាត់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានធ្វើការយាមល្បាត២៤/២៤ម៉ោង ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបង្កប់ឬជនល្មើស ដែលធ្វើសកម្មភាពស៊ើបការណ៍ និងផ្ដល់ព័ត៌មានសម្ងាត់ ឬទីតាំងរបស់យោធាកម្ពុជាទៅឱ្យ ខ្មាំងសត្រូវបរទេស។
  5. ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយនូវរូបភាព ឬវីដេអូដែលបង្ហាញ អំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំងឬមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត។
  6. ត្រូវរៀបចំឱ្យមានក្រុមការងារមួយទទួលបន្ទុករាយការណ៍ប្រចាំថ្ងៃជូនមកក្រសួងមហាផ្ទៃ រៀងរាល់ពេលព្រឹក(ម៉ោង៧) ពេលរសៀល(ម៉ោង១២) និងពេលល្ងាច(ម៉ោង១៨) អំពីសភាពការណ៍វិវត្តន៍នៅសមរភូមិមុខ ស្ថានភាពជនភៀសសឹក និងសភាពការណ៍ចាំបាច់ផ្សេងទៀត។
  7. ត្រូវចាត់ឱ្យមានក្រុមការងារមួយទៀតទទួលកត់ត្រា និងចងក្រងភស្តុតាងនូវរាល់ការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃរួមមាន អ្នករងរបួស និងអ្នកស្លាប់បាត់បង់អាយុ ជីវិតជនស៊ីវិល ការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិផ្សេងទៀត(សូមភ្ជាប់មកជាមួយនូវ រូបថត វីដេអូ ទីតាំងនិយាមកាជាក់លាក់ និងភស្តុតាងប្រសិនបើមាន)។
  8. ត្រូវហាមឃាត់ការបង្ហោះអាកាសយាន្តគ្មានមនុស្សបើក(ដូន)របស់ជនស៊ីវិល និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការបង្ហោះឱ្យបានទាន់ពេលវេលា រហូតដល់សភាពការណ៍ វិលមករកប្រក្រតីភាពវិញ។
  9. បង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិនពិតជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិ បញ្ឆេះកំហឹងនិងការរើសអើងជាតិសាសន៍រវាងប្រជាជាតិទាំងពីរ៕