ក្រសួងមហាផ្ទៃ បានច្រានចោលជាដាច់ខាត ចំពោះការប្រឌិតព័ត៌មាន មួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃបញ្ជូនទៅពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ ដែលនាំឱ្យពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិនៅឯប្រទេសថៃ មានការយល់ខុសតាមការឃោសនាដ៏អកុសលនេះ។

តាមរយៈសេចក្តីប្រកាសច្រានចោល ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា « ក្នុងន័យចូលរួមប្រឆាំងការផ្សព្វផ្សាយក្លែងក្លាយទាំងនេះ មានពលរដ្ឋថៃរស់នៅប្រទេសកម្ពុជា បានថតវីដេអូបង្ហោះផ្សាយបង្ហាញអំពីជីវភាពរស់នៅធម្មតារបស់ខ្លួនជាបន្តបន្ទាប់ ពិសេសនៅក្រុងប៉ោយប៉ែត និងតាមទីតាំងនានាក្នុងប្រទេសកម្ពុជា។ កុំថាឡើយបារម្ភខ្លាចអាជ្ញាធរកម្ពុជាចាប់ខ្លួន សូម្បីតែការបារម្ភខ្លាចមានការគំរាមកំហែង ឬប្រព្រឹត្តអំពើហិង្សាពីប្រជាពលរដ្ឋកម្ពុជាក៏ពុំមានដែរ ទោះប្រទេសទាំងពីរមានអរិភាពជាមួយគ្នាក៏ដោយ»។
ក្រសួងមហាផ្ទៃសង្កត់ធ្ងន់ថា «រហូតមកដល់ថ្ងៃនេះ ពុំមានសេចក្តីរាយការណ៍ថាអាជ្ញាធរ ឬពលរដ្ឋកម្ពុជា ប្រព្រឹត្តិអំពើខុសច្បាប់លើជនជាតិថៃឡើយ។ ផ្ទុយទៅវិញ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងផ្តល់ការណែនាំជាសាធារណៈ កុំឱ្យមានការរើសអើង និងប្រព្រឹត្តអំពើអមនុស្សធម៌ណាមួយលើពលរដ្ឋថៃ ខណៈមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្តាញសង្គមកម្ពុជា ក៏ចូលរួមយ៉ាងសកម្មពង្រឹងបរិយាកាសល្អនៃទំនាក់ទំនងខាងស៊ីវិលជាមួយភាគីថៃ រួមទាំងពលរដ្ឋថៃនៅកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា ក៏ពុំបានបិទសិទ្ធិសេរីភាពក្នុងការដើរហើរ ឬសិទ្ធិចាកចេញពីកម្ពុជារបស់ពលរដ្ឋថៃនោះដែរ។ ទោះមានការផ្អាកចេញចូលតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយថៃ ក៏ពួកគេអាចចាកចេញតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនកម្ពុជាជាប់ប្រទេសផ្សេងទៀតបាន ដើម្បីបញ្ចៀសហានិភ័យពីការបន្តវាយប្រហារប្រដាប់អាវុធគ្រប់ធុន គ្រប់ទម្រង់ មិនរើសគោលដៅ និងមិនអាចប៉ាន់ស្មានបានតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជូនថា អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា នឹងបំពេញតួនាទីក្នុង នាមជារដ្ឋស៊ីវិល័យ ធានាសន្តិសុខ ការពារសុវត្ថិភាព និងគោរពសិទ្ធិពលរដ្ឋស៊ីវិលក្នុងគ្រាមានសង្គ្រាម ឈ្លានពាននេះ តាមច្បាប់អន្តរជាតិជាធរមាន ដោយពុំបានបណ្ដែតបណ្ដោយ ឬបំផុសឱ្យមានការប្រើអំពើ ហិង្សា បំពានសិទ្ធិពលរដ្ឋថៃ ដូចករណីកើតមាននៅប្រទេសថៃ លើពលរដ្ឋខ្មែរកន្លងទៅនោះឡើយ៕


