រាជរដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃ ដែលបានប្រើប្រាស់អាវុធបំផ្លិចបំផ្លាញកាន់តែធុនធ្ងន់វាងកម្ពុជា-ថៃ។នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំនិងភាពតានតឹងនៃជម្លោះ ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ។
ជាមួយគ្នានេះ ទូតអូស្រ្តាលី ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយសូមអំពាវនាវឱ្យភាគីទាំងពីរធានាឱ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌។
ស្ថានទូត ក៏បានជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួមទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
ជាថ្មីម្តងទៀត អូស្រ្តាលី ក៏សូមលើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែងនិងសន្តិភាព។យើងសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ៕ អត្ថបទ៖ហ្សាលីន

