លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលរងការឈ្លានពានពីកងទ័ពថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបជុំប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើន មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋភៀសសឹកគ្រប់រូប និងថែមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនជនភៀសសឹកគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។

ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់ដែលបានឧបត្ថម្ភជាច្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវនាវឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ក្នុងវេលាយ៉ាងលំបាកនេះ រាជរដ្ឋាភិបាលដៃម្ខាងប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពាន រីឯម្ខាងទៀតបាននិងកំពុងជួយសង្រ្គោះដល់ជនភៀសសឹកជាច្រើន។

គួរឱ្យដឹងថា បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ អំពើឈ្លានពាន របស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យមានពលរដ្ឋស្លាប់ចំនួន ៣០នាក់ និងរបួសចំនួន៨៨នាក់​ ខណៈពលរដ្ឋភៀសសឹកសរុប ៦៤៤.៤៤២នាក់ ក្នុងនោះស្ត្រី ៣៣៦.២៤០នាក់ និងកុមារ២០៤.៩៩២នាក់៕