ប្រទេសកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ និងបានចាត់ទុកថា សកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ នៅថ្ងៃទី២៧ ធ្នូ ២០២៥, ភាគីទាំងពីរក៏បានឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាព តានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើ ការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានផ្សេងៗ នៅហួសពីទីតាំងរបស់ខ្លួនឡើយ។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនទាំងនេះ (អនុសញ្ញាអូតាវ៉ា)។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួលចម្រុះ (JCTF) លើការងារដោះមីនមនុស្សធម៌ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលបាន ព្រមព្រៀងគ្នា ដើម្បីធ្វើឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់លើកិច្ចខិតខំប្រឹងប្រែងដោះមីនតាម បណ្ដោយព្រំដែន៕



