ក្នុងស្មារតីតែមួយដើម្បីលើកទឹកចិត្ត និងគាំទ្រសមរភូមិមុខ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជនរៀបចំស្បៀងអាហារ និងសម្ភារៈមួយចំនួនដើម្បីយកទៅចែកជូនដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។
ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កំពុងឈរជើងការពារទឹកដីតាមបណ្តោយព្រំដែន និងជនភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមក្នុងជម្លោះព្រំដែន។
នៅពេលជួបការលំបាកនេះ ស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕













